ខេត្តសៀមរាប៖ នាព្រឹកថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត បានអញ្ជើញចូលរួមកិច្ចពិភាក្សារវាងក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើតជាមួយនិង រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបូកបី ដែលប្រព្រឹត្តទៅនៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មនិងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបូកបីនិងមានការចូលរួមពីរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានទាំង១0ប្រទេស បូកបីប្រទេស គឺចិន ជប៉ុន និងកូរ៉េ ព្រមទាំងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់នៃប្រទេសសមាជិកអាស៊ានបូកបី តំណាងពីសមាជិកក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត និងតំណាងពីស្ថាប័នពាក់ព័ន្ធ។
ក្នុងអំឡុងពេលនៃកិច្ចពិភាក្សានេះ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបូកបី បានទទួលយកទៅពិចារណានូវរាល់អនុសាសន៍នានាដែលក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើតបានលើកឡើង ព្រមទាំងបានជំរុញឲ្យគ្រប់ស្ថាប័នពាក់ព័ន្ធក្រោមឱវាទសហការជិតស្និទ្ធជាមួយក្រុមប្រឹក្សាធុរកិច្ចនេះ។