សភាពាណិជ្ជកម្មកម្ពុជា បានសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាស្ដីពី «ការយល់ដឹងពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្លូវច្បាប់» ដើម្បីផ្សព្វផ្សាយច្បាប់បញ្ញត្តិថ្មីៗជូនសមាជិក សមាជិកាសភាពាណិជ្ជកម្ម ពាណិជ្ជករ និងអាជីវករនៅតាមបណ្តាខេត្ត ដែលមានការិយាល័យសភាពាណិជ្ជកម្មបានយល់ដឹងបន្ថែមនូវចំណេះដឹង អំពីបទប្បញ្ញត្តិពាក់ព័ន្ធច្បាប់វិនិយោគ ច្បាប់ប្រកួតប្រជែង និងច្បាប់សិទ្ឋិការពារអ្នកប្រើប្រាស់ក្នុងគោលបំណងអោយសមាជិក សមាជិកា របស់សភាពាណិជ្ជកម្មខេត្តនីមួយៗ ដែលជាម្ចាស់អាជីវកម្មបានយល់ដឹងឱ្យបានកាន់តែទូលំទូលាយ ដើម្បីយកទៅអនុវត្តក្នុងអាជីវកម្មរបស់ខ្លួន និងអភិវឌ្ឍន៍អាជីវកម្មឱ្យមានភាពរីកចម្រើន រួមទាំងជៀសវាងមានហានិភ័យក្នុង បទប្បញ្ញត្តិច្បាប់ផ្សេងៗ។
ដោយឈរលើចក្ខុវិស័យពាណិជ្ជកម្មវែងឆ្ងាយរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា តែងតែណែនាំដល់អគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ដែលមាន ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច ជាអគ្គនាយកដឹកនាំអនុវត្តការងារដោយផ្ទាល់ បានដាក់ចេញនូវផែនការសកម្មភាពជាបន្តបន្ទាប់ដល់នាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង ជាក់ស្ដែងបន្ទាប់ពីបញ្ចប់សិក្ខាសាលាថ្នាក់ជាតិនៅទូទាំងប្រទេសប្រកបដោយជោគជ័យ អគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជាក៏បានជួបសំណេះសំណាល និងថ្លែងអំណរគុណដល់ ម្ចាស់ក្រុមហ៊ុនឧបត្ថម្ភដែលបានរួមចំណែកជាមួយសភាពាណិជ្ជកម្មកម្ពុជា ជាពិសេសសភាពាណិជ្ជកម្មខេត្ត-ក្រុងទាំងអស់ដែលបានគាំទ្រយ៉ាងពេញទំហឹង។
សូមបញ្ជាក់ថា សិក្ខាសាលានេះត្រូវបានបញ្ចប់ដោយជោគជ័យ និងទទួលបានផ្លែផ្កាគួរជាទីមោទនៈ បន្ទាប់ពីចាប់ផ្តើមតាំងពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅតាមបណ្តាខេត្ត១៧ ដោយទទួលបានការឩបត្ថម្ភពី ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia, ធនាគារ វីង (ខេមបូឌា) ម.ក. , ធនាគារ ព្រីនស៍ ម.ក, ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក, សហគ្រិនខ្មែរ, កំពង់ផែស្វយ័តភ្នំពេញ និងធនាគារកាណាឌីយ៉ា៕